ព្រះបាទចន្ទរាជា(អង្គចន្ទទី១)
ទ្រង់ជាព្រះមហាក្សត្រសឹកដ៏អង់អាចក្លាហាននិងមានហិធិរិទ្ធិខ្លាំងពូកែជាងគេបំផុតក្នុងចំណោមព្រះមហាក្សត្រខ្មែរទាំងឡាយក្រោយសម័យអង្គរ។ក្នុងរាជ្យរបស់ព្រះអង្គទ្រង់បានធ្វើសឹកសង្គ្រាមជាច្រើនលើកច្រើនសាជាមួយនគរសៀម។ក្រោយពីពេលដែលព្រះបាទចន្ទរាជាទ្រង់កំចាត់ស្តេចកនបានហើយព្រមទាំងរៀបចំព្រះនគរឲ្យមានរបៀបរៀបរយ ព្រះចៅចក្រព័ត្រសៀមដោយទ្រង់យល់ថាខ្លួនមានគុណជួយបីបាច់ថែរក្សាព្រះញាតិវង្សានុវង្សខ្មែរព្រមទាំងព្រះបាទចន្ទរាជានៅពេលដែលស្តេចកនវាយដណ្តើមយករាជ្យសម្បត្តិហើយសោយរាជ្យនៅនគរកម្ពុជា។ជាពិសេសដោយព្រះចៅចក្រព័ត្រសៀមទ្រង់យល់ថា នគរកម្ពុជាគឺជាចំនុះនគរសៀមចាប់តាំងពីរាជ្យរបស់ព្រះបាទធម្មរាជា(ព្រះបិតារបស់ព្រះអង្គចន្ទរាជា)នោះ ព្រះអង្គទ្រង់បានចាត់ឲ្យរាជទូតមកបង្គាប់ឲ្យព្រះបាទចន្ទរាជាជាព្រះរាជាខ្មែរលើកសួយសារអាករជាសត្វដំរីសទៅថ្ចាយតាមទំលាប់ដូចពីរាជ្យមុន។ព្រះបាទចន្ទរាជាទ្រង់បដិសេធហើយមិនព្រមចំណុះនគរសៀមនោះទេ។នៅក្នុងឆ្នាំ១៥៣០ព្រះចៅចក្រព័ត្រសៀមទ្រង់បញ្ជាឲ្យលើកទ័ពយ៉ាងធំមកវាយលុកខេត្តអង្គរ។ព្រះបាទចន្ទរាជាទ្រង់កែនទ័ពហើយលើកទៅវាយតទល់គ្នាត្រង់‘’ស្ទងអង្គរ’’ត្រង់ភូមិមួយដែលជាប់ឈ្មោះថា‘’សៀមរាប”រហូតដល់សព្វថ្ងៃដែលជាអនុស្សាវរីយ៍នៃជោគជ័យរបស់ខ្មែរទៅលើសត្រូវសៀម។នៅក្នុងសង្គ្រាមនេះខ្មែរចាប់បានឈ្លើយសឹកបានជាច្រើន។ដើម្បីសងសឹកនៅក្នុងឆ្នាំដដែលនោះដែរ ព្រះចៅសៀមទ្រង់បញ្ជាឲ្យពញ្ញាអុង(ព្រះរាជបុត្ររបស់ព្រះស្រីរាជាដែលត្រូវជាបងជីដូនមួយរបស់ព្រះអង្គចន្ទរាជា)ឲ្យលើកទ័ពជើងគោក៩០០០០នាក់និងជើងទឹក៥០០០០នាក់មកវាយនគរខ្មែរជាលើកទី២។ព្រះអង្គចន្ទរាជាទ្រង់បានលើកទ័ពទៅតទល់នៅខេត្តពោធិសាត់ហើយក៏ទទួលបានជោគជ័យលើទ័ពសៀមហើយមេទ័ពសៀមស្លាប់អស់ជាច្រើន ទ័ពសៀមស្លាប់អស់ពាក់កណ្តាល ដំរីងាប់អស់ជាច្រើន អាវុធយុទ្ធភ័ណ្ឌក៏ត្រូវរឹបអូសអស់សន្ធឹកសន្ធាប់។ចំនែកឯពញ្ញាអុងត្រូវបានព្រះអង្គចន្ទរាជាទ្រង់កាប់នឹងសែងដាវឲ្យសុគតនៅក្នុងសង្គ្រាមនេះផងដែរ។រីឯទ័ពជើងទឹករបស់សៀមដែលឡើងគោកត្រង់ឈូងសមុទ្រសៀមនោះក៏ត្រូវក្រឡាហោមខ្មែរវាយឲ្យបាក់ទ័ពថយទៅវិញដែរ។នៅក្នុងឆ្នាំ១៥៣១ឆ្លៀតពេលដែលទ័ពភូមាលើកចូលមកវាយប្រទេសសៀម ព្រះបាទចន្ទរាជាទ្រង់លើកទ័ពទៅវាយរំដោះយកអាណាខេត្តខ្មែរភាគខាងលិចដែលត្រូវបាត់បង់ក្នុងរាជ្យមុនៗហើយទ្រង់វាយបានខេត្តបស្ចឹមបុរីមកវិញ។ក្នុងឆាំ្ន១៥៥៧ព្រះបាទចន្ទរាជាទ្រង់បានលើកទ័ពចូលវាយប្រទេសសៀមម្តងទៀតហើយវាយដណ្តើមយកបានខេត្តចន្ទបុរី និងខេត្តផ្សេងៗទៀតនៅជិតនោះបានមកវិញ។ហើយព្រះអង្គទ្រង់បានលើកទ័ពទៅវាយសៀមពីរលើកទៀតគឺក្នុងឆ្នាំ១៥៥៩និងឆ្នាំ១៥៦២ហើយចាប់យកឈ្លើយសឹកជាច្រើនមកព្រះនគរវិញ។
ទាំងនេះសុទ្ធសឹងតែជាស្នាព្រះហស្ថរបស់ព្រះបាទចន្ទរាជាដែលទ្រង់ខិតខំអស់ពីព្រះកាយពលដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជានៃយើង។ក្នុងនាមជាកូនខ្មែរជំនាន់ក្រោយគួរគប្បីនាំគ្នាគោរពនិងដឹងគុណដល់កំពូលមហាវីរក្សត្រខ្មែរមួយអង្គនេះព្រមទាំងចងចាំព្រះនាមនិងស្នាព្រះហស្ថរបស់ព្រះអង្គដែលបានកសាងចំពោះជាតិយើង។
0 comments:
Post a Comment